Commentaries

តើ​ថៃ​ចង់​ប្រើ​កម្លាំង​​យោធា ឬ​ការ​ទួត​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន?

អត្ថ​បទ​វិភាគ​របស់​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា

ក្រោយ​ពេល​ដែល​ប្រា​សាទ​ព្រះ​វិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នា ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ឆ្នាំ​​២០០៨ មួយ​សប្ដាហ៍ ​គឺ​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០០៨ ថៃ​បាន​លើក​ទ័ព​ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ហើយ​ជា​បន្ត​បន្ទាប់​ថៃ​បាន​បញ្ជូន​ទ័ព​ចូល​រំ​លោភ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​តាម​បណ្ដោយ​ព្រំ​ដែន​ ជា​ពិសេស​តំបន់​ប្រាសាទ​បុរាណ​ ដូច​ជា​នៅ​ប្រា​សាទ​តា​មាន់​និង​ប្រាសាទ​តា​ក្របី​ជា​ដើម​។ ទោះ​បី​មាន​ការ​ច​ចារ​​ទ្វេ​ភាគី​ជា​ច្រើន​លើក​ហើយ​ក៏​ដោយ​ ក៏​ថៃ​មិន​បាន​ដក​កង​ទ័ព​ចេញ​ ដើម្បី​ធ្វើ​ឱ្យ​សភាព​ការណ៍​ដូច​មុន​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០០៨​ វិល​ត្រឡប់​មក​វិញ​នោះ​ឡើយ។

ព្រឹ​ត្តិ​ការណ៍​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០០៨​ និង​ព្រឹត្តិ​ការណ៍​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​កន្លង​មក​នេះ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ថៃ​មិន​បាន​បោះ​បង់​ចោល​នូវ​មហិច្ឆតា​ឈ្លាន​ពាន​លេប​ត្របាក់​ទឹកដី​ខ្មែរ​នោះ​ទេ​។​ មេ​ដឹក​នាំ​ថៃ​ទាំង​អ្នក​​នយោបាយ​ និង​យោធា​តែង​តែ​បង្ហាញ​ចរិត​​គឃ្លើន​ និង​ឥរិយា​បថ​ប្រមាថ​ចំពោះ​ប្រទេស​កម្ពុជា ​ដោយ​ប៉ុន​ប៉ង​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី ​ដែល​មាន​លក្ខណៈ​អុជ​អាល​បង្ក​ជម្លោះ​ទៀត​ផង​។ ​ជាក់​ស្ដែង​ ​នៅ​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០០៩ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ ​លោក​ អានុ​ពង្ស​ ផៅ​ចិន្តា បាន​ប្រើ​ប្រាស់​សម្ដី​របៀប​ជា​ការ​បង្ហាញ​សាច់​ដុំ​ខាង​សមត្ថ​ភាព​យោធា​ និង​សព្វាវុធ​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​ខ្មែរ ​ព្រម​ទាំង​ទប់​ស្កាត់​លទ្ធ​ភាព​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​រឿង​ប្រាសាទ​ព្រះ​វិហារ​តាម​រយៈ​ការ​ចរចា​ពហុ​ភាគី​ទៀត​ផង​ហើយ​មេ​ទ័ព​រូប​នេះ​បាន​ដាក់​កំហិត​ឱ្យ​មាន​តែ​ការ​ចរចា​ត្រឹម​តែ​កម្រិត​ទ្វេ​ភាគី​ប៉ុណ្ណោះ​។

សាធារណ​​ជន​ខ្មែរ ​និង​សហគមន៍​អន្តរ​ជាតិ​មួយ​ចំនួន​មាន​ការ​ងឿង​ឆ្ងល់​ថា​ តើ​អានុ​ពង្ស​ ផៅ​ចិន្តា និយាយ​បែប​នេះ​ក្នុង​ឋានៈ​ជា​អ្វី​ឬ​មេ​ទ័ព​រូប​នេះ​ទទួល​បញ្ជា​ពី​​រដ្ឋាភិបាល​​ឬ​ ពី​សមាជិក​រាជ​វង្ស​ ថៃ​ណា​មួយ​អ្វី​ដែល​អានុ​ពង្ស​ ផៅ​ចិន្តា បាន​និយាយ​ វា​ហួស​ពី​ដែន​សមត្ថ​កិច្ច​កង​ទ័ព​ ព្រោះ​កង​ទ័ព​គ្រាន់​តែ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​តែ​ប៉ុណ្ណោះ​។​ តើ​សម្ដី​របស់​អានុ​ពង្ស​ ផៅ​ចិន្តា មាន​ន័យ​យ៉ាង​ណា​ឬ​ ក៏​មាន​ចេតនា​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​សារ​ជា​ថ្មី​ម្ដង​ទៀត​ នេះ​គឺ​ជា​សារ​ជាតិ​នៃ​ពពួក​មេ​ដឹក​នាំ​ថៃ​ហេតុ​អ្វី​បាន​ជា​អានុ​ពង្ស  ផៅ​ចិន្តា និង​មេ​ដឹក​នាំ​ថៃ​ដទៃ​ទៀត​មិន​ចង់​ឱ្យ​មាន​ការ​ចរចា​ក្នុង​ក្រប​ខណ្ឌ​ពហុ​ភាគី​ជា​មួយ​ខ្មែរ​ជា​ការ​ពិត​ណាស់​ខ្មែរ​ និង​ថៃ​ធ្លាប់​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​ជា​ច្រើន​ក្នុង​បញ្ហា​ព្រំ​ដែន​ តាំង​តែ​ពី​សៀម​បាន​ក​កើត​ជា​រដ្ឋ​នៅ​ឆ្នាំ​១២​៣៨​។​ ថៃ​តែង​តែ​ចិញ្ចឹម​ចិត្ត​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​រហូត​មក​ទាំង​ផ្លូវ​យោធា ​និង​ការ​ចរចា​ជា​ពិសេស​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​។ ​ការ​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​ជា​ទី​សក្ការ​របស់​ខ្មែរ​ពី​សំណាក់​ថៃ​មិន​មែន​កើត​មាន​តែ​ពេល​បច្ចុប្បន្ន​នេះ​ទេ​គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ប៉ុន្តែ​ថៃ​តែង​តែ​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ចំពោះ​បញ្ហា​នេះ​គ្រប់​ដំណាក់​កាល​តាម​រយៈ​ការ​ចរចា​ពហុ​ភាគី​។

សន្ធិ​សញ្ញា​បារាំង​-សៀម​ ឆ្នាំ​១៩​០៤​ ឆ្នាំ​១៩​០៧ និង​សាល​ក្រម​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡាអេ ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​១៩​៦២ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បរា​ជ័យ​យ៉ាង​អាម៉ាស់​របស់​ថៃ។​ ជា​មួយ​គ្នា​នេះ​ដែរ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​ពិភព​លោក​​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ឆ្នាំ​២០​០៨​ ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ជា​បេតិកភណ្ឌ​​ពិភព​លោក​ គឺ​ជា​ការ​បរា​ជ័យ​មួយ​ទៀត​របស់​ថៃ​លើ​ឆាក​អន្តរ​ជាតិ​។​ដូច្នេះ​ថៃ​ត្រូវ​តែ​ទទួល​ស្គាល់​សច្ច​ភាព​នៃ​ប្រវត្តិ​សាស្ត្រ ​ត្រូវ​សរ​សេរ​ និង​រៀន​ប្រវត្តិ​សាស្ត្រ​ឱ្យ​បាន​ត្រឹម​ត្រូវ​។

ថៃ​ត្រូវ​ដឹង​ថា​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​ គ្មាន​ជាប់​ពាក់​ព័ន្ធ​បន្តិច​ណា​សោះ​ចំ​ពោះ​ការ​គាំ​ទ្រ​ ឬ​មិន​គាំ​ទ្រ​របស់​ថៃ​ព្រោះ​ប្រា​សាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ​តែ​ម្នាក់​គត់​។​ ហេតុ​អ្វី​បាន​ជា​អានុ​ពង្ស​ ផៅ​ចិន្តា និង​មេ​ដឹក​នាំ​ថៃ​ឯ​ទៀត​ប្រាថ្នា​ឱ្យ​មាន​តែ​ការ​ចរ​ចា​ទ្វេ​ភាគី​ កន្លង​មក​ថៃ​តែង​ធ្វើ​ការ​កៀង​គរ​ការ​ចាប់​អារម្មណ៍​អន្តរ​ជាតិ​ឱ្យ​ផ្ដោត​លើ​ការ​ចរចា​ទ្វេ​ភាគី​ព្រោះ​ថៃ​យល់​ថា​ក្នុង​ករណី​ដែល​សហគមន៍​អន្តរ​ជាតិ​ចូល​មក​ជួយ​ដោះ​ស្រាយ​នោះ​ល្បិច​កល​ដ៏​កខ្វក់​ និង​មហិច្ឆតា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​ថៃ​ត្រូវ​បាន​បក​អា​ក្រាត​តាម​រយៈ​ការ​យល់​ជ្រួត​ជ្រាប​របស់​សហគមន៍​អន្តរ​ជាតិ​អំពី​ការ​ពិត​ជាក់​ស្ដែង​នៃ​ទឹក​ដី​ដែល​ថៃ​ប្រកាស​កាន់​កាប់​ គឺ​ជា​ទឹកដី​ស្ថិត​ក្រោម​អធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ​របស់​ខ្មែរ​ និង​ជា​ទឹក​ដី​ដែល​ថៃ​កំពុង​ឈ្លាន​ពាន​។​ លើស​ពី​នេះ​ថៃ​កំពុង​បំពុល​មជ្ឈដ្ឋាន​អន្តរ​ជាតិ​មិន​ឱ្យ​ដឹង​ការ​ពិត​ដែល​កំពុង​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​។

ទោះ​ជា​នៅ​ក្នុង​ការ​ចរចា​ពហុ​ភាគី​ក្តី​ ទ្វេ​ភាគី​ក្ដី​ថៃ​គ្មាន​សុ​ឆន្ទ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ទេ​។​ ការ​ចរចា​ទ្វេ​ភាគី​នា​ពេល​កន្លង​មក​កម្ពុជា​ពុំ​បាន​ទទួល​លទ្ធ​ផល​អ្វី​ជា​ដុំ​កំភួន​ឡើយ​។​ មេ​ដឹក​នាំ​ថៃ​យក​ការ​ចរចា​ទ្វេ​ភាគី​នេះ​ដើម្បី​បំភាន់​មតិ​អន្តរ​ជាតិ​ថា​ខ្លួន​មាន​ចេតនា​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី​ជា​មួយ​ខ្មែរ​។​ថៃ​យក​ការ​ចរចា​ទ្វេ​ភាគី​ជា​មួយ​ខ្មែរ​ជា​លេស​សម្រាប់​បន្ត​ការ​ឈ្លាន​ពាន​បូរណភាព​ដែន​ដី​ខ្មែរ​ឱ្យ​កាន់​តែ​យូរ​ថែម​ទៀត​ ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​សាធារណ​ជន​​ថៃ​ពី​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ខ្លួន​។​ជា​មួយ​គ្នា​នេះ​ដែរ​មេ​ដឹក​នាំ​ថៃ​យក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ជា​ជំនួញ​យោធា​ក្នុង​ការ​បង្ហូរ​ថវិកា​ជាតិ​របស់​ខ្លួន​ ដើម្បី​ផល​ប្រ​យោជន៍​បុគ្គល​ ម៉្លោះ​ហើយ​ថៃ​ចរចា​ទ្វេ​ភាគី​ជា​មួយ​ខ្មែរ​គ្រាន់​តែ​ជា​រូប​ភាព​ដើម្បី​កុំ​ឱ្យ​អន្តរ​ជាតិ​ថ្កោល​ទោស​ប៉ុណ្ណោះ។

ថៃ​តែង​តែ​លុប​ចោល​ ឬ​ជាន់​ឈ្លី​សេចក្តី​សម្រេច​របស់​ខ្លួន​ ដែល​បាន​ចរចា​ទ្វេ​ភាគី​ជា​មួយ​ខ្មែរ​។​ ជាក់​ស្តែង​សកម្ម​ភាព​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០​០៩​កន្លង​មក​ដែល​ដឹក​នាំ​ដោយ​សែ​ស្រ​ឡាយ​រាជ​វង្ស​ថៃ​មួយ​អង្គ​ឈ្មោះ ​វ៉ាន់​វីផា​ ចា​រូន​រ៉ូច​ ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ មក​ពី​វិទ្យា​ស្ថាន​ថៃ​វិទ្យា​នៃ​សាកល​វិទ្យា​ល័យ​ធម្ម​សាត​បាន​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ក្រុង​បាង​កក​លុប​ចោល​ការ​គាំ​ទ្រ​របស់​ថៃ​ស្តី​ពី​ការ​ចុះ​បញ្ចី​ប្រាសាទ​ព្រះ​វិហារ​នៅ​អង្គ​ការ​យូ​ណេ​ស្កូ​និង​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ថៃ​ប្រ​ឆាំង​ចំពោះ​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ដែល​កំពុង​ឈ្លាន​ពាន​អស់​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​។ ​អ្នក​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​រូប​នេះ​កំពុង​អុជ​អាល​បង្កាត់​ភ្លើង​ជុំ​វិញ​ជម្លោះ​ប្រា​សាទ​ព្រះ​វិហារ​ជា​ថ្មី ​ប៉ុន្តែ​គ្មាន​ឥទ្ធិ​ពល​បន្តិច​ណា​សោះ​ដល់​ការ​សម្រេច​ចិត្ត​របស់​អង្គ​ការ​យូណេ​ស្កូ​ព្រោះ​សេចក្តី​ថ្លែង​ការណ៍​នោះ​ត្រូវ​បាន​ថៃ​ខ្លួន​ឯង​លុប​ចោល​តាំង​ពី​មុន​ប្រាសាទ​ព្រះ​វិហារ​ក្លាយ​ជា​បេតិក​ភ័ណ្ឌ​ពិ​ភព​លោក​មក​ម៉្លេះ។​ តើ​ការ​បង្ហាញ​សាច់​ដុំ​ខាង​សមត្ថ​ភាព​យោធា​របស់​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ​ ជា​មធ្យោ​បាយ​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ឬ​ ការ​លើក​ឡើង​ពី​សមត្ថ​ភាព​ និង​សក្តា​នុ​ពល​ផលិត​សព្វា​វុធ​សម្រាប់​ការ​ធ្វើ​សឹក​សង្គ្រាម​នោះ​បង្ហាញ​ឱ្យ​ឃើញ​ពី​មហិ​ច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​យ៉ាង​ច្បាស់​ក្រ​ឡែត​ និង​បង្ហាញ​ពី​ចេតនា​បន្ត​ជម្លោះ​រ៉ាំ​រ៉ៃ​។

ការ​ធ្វើ​សង្គ្រាម​ពុំ​មាន​ផល​ល្អ​ឡើយ​ជា​បទ​ពិ​សោធន៍​សង្គ្រាម​រវាង​ខ្មែរ​ និង​អាមេ​រិក​នា​ដើម​ទសវត្សរ៍​ ឆ្នាំ​១៩៧០​ នៅ​ទី​បំផុត​អាមេរិក​ត្រូវ​ដក​ថយ​កណ្តាល​ទី​។​ មាន​ករណី​ដទៃ​ទៀត​ដូច​ជា ​ការ​ជាប់​ផុង​ក្នុង​សង្គ្រាម​របស់​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់​តាំង​ពី​ឆ្នាំ​២០​០៣​ និង​ករណី​សង្គ្រាម​រវាង​សហ​ភាព​សូវៀត​អាហ្វ​ហ្គានី​ស្ថាន​នៅ​ឆ្នាំ​១៩​៧៩​ដែល​សូវៀត​ត្រូវ​ដក​កង​ទ័ព​ចេញ​ពី​អាហ្វ​ហ្គានី​ស្ថាន ​ទោះ​បី​ជា​សហ​ភាព​សូវៀត​ និង​សហ​រដ្ឋ​អាមេរិក​មាន​គ្រឿង​សព្វា​វុធ​ដ៏​សម្បូរ​បែប​ មិន​ចេះ​រីង​ស្ងួត​យ៉ាង​ណា​ក៏​ដោយ​។នេះ​ ជា​ឧ​ទាហរណ៍​យ៉ាង​ច្បាស់​ថា​ សក្តា​នុពល​នៃ​សព្វា​វុធ​មិន​មែន​សុទ្ធ​តែ​ជា​កត្តា​កំណត់​ជោគ​ជ័យ​ក្នុង​សង្គ្រាម​ឡើយ​។​ការ​ដែល​ប្រទេស​ថៃ​ចង់​ប្រើ​ប្រាស់​កម្លាំង​យោធា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ពិត​ជា​មិន​អាច​ទៅ​រួច​ទេ ​ជាក់​ស្តែង​ទំ​នាស់​រវាង​ប្រទេស​ទួរ​គី ​និង​ប្រទេស​ក្រិច​ លើ​ដែន​ដី​កោះ​ស៊ី​បព្រូស​ (CYPRUS)​ និង​បញ្ហា​ទឹក​ដី​ការ​ស្មៀរ​ (KAS​HMIR)​ រវាង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ប៉ា​គី​ស្ថាន​ ជា​ដើម​ គឺ​មិន​អាច​ដោះ​ស្រាយ​បាន​តាម​ផ្លូវ​យោធា​នោះ​ឡើយ​។

ដូច្នេះ​ថៃ​គួរ​តែ​បង្វែរ​ថវិកា​ដែល​ត្រូវ​ចំ​ណាយ​លើ​កម្លាំង​យោធា​ និង​គ្រឿង​សព្វា​វុធ​នេះ​ទៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដ៏​ដុន​ដាប​របស់​ខ្លួន​វិញ​ជា​ជាង​ធ្វើ​ការ​ចំ​ណាយ​ទៅ​លើ​កង​ទ័ព​។ ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជា​មួយ​ខ្មែរ​មក​ដល់​សត​វត្សរ៍ទី​២១​នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ដែល​មិន​គួរ​យក​មក​ប្រើ​ប្រាស់​ទៀត​ឡើយ​។ ​រដ្ឋា​ភិបាល​ថៃ​គួរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី​តាម​រយៈ​យន្ត​ការ​ក៤​គឺ​ ៖ ​ការ​កាត់​បន្ថយ​ទំនាស់​ ការ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ កិច្ច​សហ​ប្រតិប​ត្តិការ​ និង​ការ​អភិវ​ឌ្ឍន៍​។

ក្នុង​ឋានៈ​ជា​ស្ថាប័ន​សិក្សា​ស្រាវ​ជ្រាវ​លើ​កិច្ច​ការ​អន្តរ​ជាតិ​ វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា​ បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រឹត្តិ​ការណ៍​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០​០៨​ និង​ព្រឹត្តិ​ការណ៍​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ​ដែល​ថៃ​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​និង​ជា​សាក្សី​រស់​មួយ​ក្នុង​បញ្ហា​នេះ​ដែល​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​វិទ្យា​ស្ថាន​បាន​បំពេញ​បេសក​កម្ម​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០​០៨​កន្លង​ទៅ​ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ពី​សកម្ម​ភាព​អមិត្ត​របស់​ថៃ​វិទ្យា​ស្ថាន​យល់​ឃើញ​ថា​ ថៃ​មិន​បាន​បោះ​បង់​ចោល​នូវ​មហិ​ច្ឆតា​ឈ្លាន​ពាន​ក្នុង​ការ​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ម្តង​ណា​ឡើយ​។

រាល់​ទង្វើ​របស់​មេ​បញ្ជា​ការ​ទ័ព​ជើង​គោក​ថៃ​ និង​សែ​ស្រ​ឡាយ​រាជ​វង្ស​មួយ​អង្គ​របស់​ថៃ​នោះ​គឺ​ផ្ទុយ​នឹង​ដំ​ណោះ​ស្រាយ​នា​សតវត្សរ៍​ទី​២១​ដែល​ប្រជា​ជាតិ​គ្រប់​រូប​តែង​តែ​មាន​បំណង​ប្រាថ្នា​ចង់​រស់​នៅ​ជា​មួយ​គ្នា​ប្រកប​ដោយ​សន្តិ​ភាព​ សុខ​ដុម​រម្យនា​ និង​អភិវឌ្ឍន៍​លើ​ភព​ផែន​ដី​តែ​មួយ​។ ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ និង​គ្រឿង​សព្វា​វុធ​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ធម្មនុ​ញ្ញ​អា​ស៊ាន និង​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ​ ដែល​ប្រទេស​ថៃ​ក៏​ជា​សមា​ជិក​ផង​ដែរ​នោះ​។

អត្ថបទ​ស្រាវ​ជ្រាវ​ដោយ​ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា

Leave a Reply

You must be logged in to post a comment.